ថ្នាក់ដឹកនាំផ្នែកកីឡានៅកម្ពុជា ប្រាប់កត្តាសំខាន់ និងកំណើនអ្នករត់ប្រណាំងកើនឡើងជាបន្តបន្ទាប់
ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ប្រាប់ពីកត្តាសំខាន់ៗមួយចំនួន និងកំណើនអ្នកចូលរួមរត់ប្រណាំងពិសេស Angkor Ultra Trail កើនឡើងជាបន្តបន្ទាប់នោះគឺកម្រិតនៃការរៀបចំបានល្អ ខណៈប្រទេសជាតិមានសន្តិភាពទើបបរទេសតែងតែមកចូលរួម។

ឯកឧត្ដម ថោង ខុន ប្រធាន NOCC បានឲ្យដឹងថា ព្រឹត្តិការណ៍រត់ប្រណាំងនៅកម្ពុជារយៈពេលប៉ុន្មានឆ្នាំបន្ទាប់ពីផ្ទុះជំងឺកូវីដរួចមកនេះមានកំណើនអ្នកចូលរួមកាន់តែច្រើនឡើងៗជាបន្តបន្ទាប់។ ជាក់ស្ដែងក្នុងព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយឆ្លងកាត់ឧបសគ្គ Angkor Ultra Trail លើកទី៨ ឆ្នាំនេះមានអ្នកចុះឈ្មោះចូលរួមកើនឡើងច្រើនរហូតជាង ១០០០នាក់មកហើយ។

ថ្នាក់ដឹកនាំផ្នែកកីឡានៅកម្ពុជាខាងលើនេះលើកឡើងទៀតថា កត្តាសំខាន់នាំឲ្យមានកំណើនអ្នករត់កើនឡើងជាបន្តបន្ទាប់ដោយសារគណៈកម្មការរៀបចំ ភាគីពាក់ព័ន្ធទាំងអស់រួមទាំងអាជ្ញាធរសុទ្ធបំពេញតួនាទី រៀបចំសម្រួលដល់ការរត់បានដោយរលូនល្អ និងផ្តល់ទំនុកចិត្តដល់អ្នកចូលរួម។ មួយវិញទៀតកត្តាសុខសន្តិភាពរបស់កម្ពុជាជាផ្នែកទាក់ទាញដល់អ្នករត់បរទេសងាកមកចូលរួមផងដែរ ស្របពេលដែលសម្រស់ដ៏ស្រស់ស្អាតរបស់អង្គរវត្តត្រូវបានផ្សព្វផ្សាយបន្តពីមាត់មួយទៅមាត់មួយតាមរយៈការអ្នកធ្លាប់ចូលរួមឆ្នាំមុនៗផង។
